Thursday, February 11, 2010

យុវវ័យ​កុំ​វង្វេង​ថ្ងៃ​១៤កុម្ភៈ

ដោយសារ​តែ​យុវវ័យ​សម័យ​បច្ចុប្បន្ន​តែង​តែ​រៀបចំ​ខ្លួន ​ជ្រួលជ្រើម​ ត្រៀមខ្លួន​ពពាក់ពពូន​ នៅ​ថ្ងៃ​បុណ្យ​ក្ដី​ស្រឡាញ់​​ដែល​ប្រព្រឹត្ត​ទៅ​ជា​រៀងរាល់​​ឆ្នាំ​នៅ​ថ្ងៃ​ ១៤​កុម្ភៈ​ កាន់តែ​មាន​សភាព​រីក​ធំ​ មាន​ផល​ប៉ះពាល់​ដល់​សេចក្ដី​ថ្លៃ​ថ្នូរ​របស់​​ស្ត្រី​​​ខ្មែរ​ ហើយ​ក៏​មិនមែន​ជា​វប្បធម៌​ល្អ​របស់​ខ្មែរ​នោះ​ទេ។ នៅ​ព្រឹក​ថ្ងៃ​ទី​​១០​ កុម្ភៈ​​ ឆ្នាំ​២០១០​ នៅ​សាលារៀន​វេស្ទឡាញ​ ប្រតិភូ​ក្រសួង​កិច្ចការ​នារី​មាន​នាយកដ្ឋាន​ស្ត្រី​ និង​អប់រំ​ អគ្គនាយក​អភិវឌ្ឍន៍​សង្គម​ដឹកនាំ​ដោយ​លោកស្រី ឡូ​ គឹម​ អនុរដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី​បាន​​ចុះ​ពន្យល់​ណែនាំ​​ដល់​ សិស្សានុសិស្ស។

អត្ថន័យ​ខ្លឹមសារ​ដើម្បី​ឲ្យ​យុវវ័យ​ស្វែង​យល់​អំពី​ថ្ងៃបុណ្យ​នៃ​ក្ដី​ ស្រឡាញ់​ ដែល​មាន​ប្រវត្តិ​មកពី​ក្រុងរ៉ូម​ប្រទេស​អ៊ីតាលីហៅថា​ St Valentine។ នៅ​ក្នុង​បទ​បង្ហាញ​ដែល​ក្រសួង​កិច្ចការនារី​បាន​ពន្យល់​ខ្លឹមសារ​អត្ថន័យ​ បុណ្យ​នៃ​ក្ដី​ស្រឡាញ់​ គឺ​ជា​ប្រពៃណី​របស់​បរទេស​ហើយ​កូន​ខ្មែរ​មួយ​ចំនួន​បាន​យក​មក​អនុវត្តន៍​ ប្រាស​ចាក​អត្ថន័យ​ ដោយ​យក​ថ្ងៃ​១៤​កុម្ភៈ​នេះ​បង្កើត​រឿង​ស្នេហា​ចូល​ផ្ទះសំណាក់​ ចូល​សណ្ឋាគារ​ និង​ជូន​កាដូ​ បាច់ផ្កា​ ពពាក់ពពូន​ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ សេចក្ដី​ថ្លៃថ្នូរ​ដល់​វប្បធម៌​ជាតិ​ខ្មែរ។

លោក​ ប៉ិច ប៉ូឡែន​ នាយក​សាលាវេស្ទឡាញ​ បាន​មាន​ប្រសាសន៍​ថា​ លោក​សប្បាយ​ចិត្ត​ណាស់​នៅ​ពេល​នេះ​ដែល​ក្រសួង​កិច្ចការនារី​ ក៏ដូច​រដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​ ទប់ស្កាត់​វប្បធម៌​បរទេស​ផ្ដេសផ្ដាស​ ហើយ​បាន​អប់រំ​យុវវ័យ​របស់​យើង​ ពិសេស​សិស្ស​សាលា​របស់​លោក​ឲ្យ​យល់​អំពី​អត្ថន័យ​ពិត​នៃ​បុណ្យ​ទិវា​នៃ​ក្ដី ​ស្រឡាញ់​ មិនមែន​ប្រពៃណី​ទំនៀមទម្លាប់​ខ្មែរ​ឡើយ​ អ្វី​ដែល​យុវជន​ខ្មែរ​បាន​ធ្វើ​កន្លង​មក​លោក​យល់​ថា​ មិន​ត្រឹមត្រូវ​ឡើយ​ លោក​ស្វាគមន៍​ និង​មាន​ចិត្ត​រីករាយ​ដែល​រាជរដ្ឋាភិបាល​យក​ចិត្ត​ទុកដាក់​អប់រំ តាស់តឿន​យុវជន​យុវនារី​ខ្មែរ​ កុំ​ឲ្យ​វង្វេង​វង្វាន់​តាម​វប្បធម៌​បរទេស​ភ្លេច​អស់​នូវ​ទំនៀមទម្លាប់​ល្អ​ របស់​ខ្មែរ។

លោក​ ប៉ូ ឡែន​ បាន​មាន​​ប្រសាសន៍​ថា​ វប្បធម៌​របស់​យុវវ័យ​នាំ​គ្នា​គគ្រឹកគគ្រេង​ថ្ងៃ (បុណ្យ​សង្សារ) នៃ​ក្ដី​ស្រឡាញ់​ធ្វើ​ឲ្យ​រូប​គាត់​ដូច​ប្រជាពលរដ្ឋ​ដទៃ​ដែរ​ មិន​គាំទ្រ​ឲ្យ​មាន​ការ​ជ្រួលជ្រើម​ដូច​ឆ្នាំ​មុនៗ​នោះ​ឡើយ។ ក្រោយ​ពេល​មាន​ការ​ចុះ​អប់រំ​ពី​ក្រសួង​កិច្ចការនារី​នេះ​លោក​សង្ឃឹម​ថា​ យុវវ័យ​របស់​យើង​និង​បាន​យល់​ហើយ​មិន​គប្បី​នាំ​គ្នា​ធ្វើ​ឲ្យ​ខូច​ ទំនៀមទម្លាប់​ជាតិ​យើង​ឡើយ៕

ដកស្រង់ពី women.open.org.kh

No comments:

Post a Comment